ការបញ្ចេញសំឡេង

មហាស្មុគស្មាញ និងច្របូកច្របល់

ការជជែកវែកញែកអំពីរបៀបបញ្ចេញសំឡេងជាភាសាហេព្រើរក្នុងព្រះគម្ពីរ អាចជាការច្របូកច្របល់យ៉ាងខ្លាំង។ មនុស្សមួយចំនួនមានមតិយ៉ាងខ្លាំងអំពីបញ្ហានេះ ប៉ុន្តែភាគច្រើនមិនដឹងថាបញ្ហាហ្នឹងស្មុគស្មាញយ៉ាងណានោះទេ។ យើងបានសិក្សាជាច្រើនទាំងផ្នែកភាសាវិទ្យា និងភាសាហេព្រើរ(Beth បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកភាសាវិទ្យា ហើយបច្ចុប្បន្នកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកភាសាហេព្រើរវិទ្យា) ដូច្នេះយើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីជួយអ្នកឱ្យយល់ពីមូលហេតុនៃប្រវត្តិសាស្ត្របញ្ចេញសំឡេងជាភាសាហេព្រើរ វាមិន សាមញ្ញទេ ហើយ​ហេតុ​អ្វី​បាន​ជា​យើង​បញ្ចេញ​សំឡេង​ភាសា​ហេព្រើរ ដូច​ជា​យើង​ធ្វើ​នៅ​ក្នុង​វីដេអូ​របស់​យើង។

ការផ្លាស់ប្តូរយ៉ាងធំ

ដើម្បីអោយយល់ពីកន្លែងដែលយើងកំពុងធ្វើដំណើរជាមួយកិច្ចការទាំងអស់នេះ សូមឲ្យយើងមើលឧទាហរណ៍មួយចំនួនពីភាសាអង់គ្លេស។ នៅក្នុងភាសាអង់គ្លេសចាស់ ប្រសិនបើអ្នកចង់និយាយថា “How are you?” អ្នកនឹងនិយាយថា “Hú meaht þú?” ដូចដែលអ្នកអាចឃើញភាសាអង់គ្លេស នេះមើលទៅគ្មានដូចភាសាអង់គ្លេសសព្វថ្ងៃនេះទេ មិនបានបញ្ចេញសំឡេងដូចទៅនឹងអ្វីដែលយើងនិយាយឥឡូវនេះទេ ហើយប្រើអក្សរមួយចំនួនផ្សេងគ្នា ។ នោះហើយជារបៀបដែលអ្វីៗបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលត្រឹមតែមួយពាន់ឆ្នាំប៉ុណ្ណោះ។ សូម្បីតែភាសាអង់គ្លេសក្រោយៗមក ដែលយើងហៅថា ភាសាអង់គ្លេសកណ្តាល (Middle English) ក៏មិនងាយសម្រាប់អ្នកយល់ ថែមទាំងពិបាកបញ្ចេញសំឡេងទៀតផង។ យើងត្រូវដឹងថា ភាសាអង់គ្លេសបានឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំក្នុងរយៈពេលមួយពាន់ឆ្នាំចុងក្រោយនេះ ទាំងអក្សរ វេយ្យាករណ៍ ការបញ្ចេញសំឡេង និងអត្ថន័យនៃពាក្យ (អ្នកអាចអានអំពីការផ្លាស់ប្តូរជាច្រើននៅទីនេះ)។ ដូច្នេះ​ស្រមៃ​មើល​ថា​តើ​ភាសា​ហេព្រើរ​បាន​ផ្លាស់​ប្តូរ​ប៉ុន្មាន​ក្នុង​រយៈ​ពេល ៣-៤​ពាន់​ឆ្នាំ​មក​ហើយ! បាទ លើសពីអ្វីដែលយើងអាចស្រមៃបាន។

 

យើងអត់មានការថតសម្លេង

យើងដឹងថា យើង​គ្មានការថតជា​សំឡេង ​អំពី​របៀប​ដែលលោក​អ័ប្រាហាំ ឬ​លោកម៉ូសេ​បាន​និយាយ​នោះ​ទេ។ វាមិនពិតទេ យើងប្រហែលអាចបង្កើតឡើងវិញពីភាសាដែលពួកគេបាននិយាយរាប់ពាន់ឆ្នាំមុន! យើងប្រហែលអាច គ្រាន់តែអត់ដឹងច្បាស់។ ប្រាកដណាស់ អ្នកប្រាជ្ញ និងអ្នកភាសាវិទ្យាអាចទាយឬស្មាន ប៉ុន្តែនៅចុងបញ្ចប់ គ្រាន់តែជាការទស្សន៍ទាយរបស់ពួកគេតែប៉ុណ្ណោះ។ យើងមានព័ត៌មានជាច្រើនអំពីការបញ្ចេញសំឡេងភាសាហេព្រើរនៅសម័យក្រោយៗទៀត ដូចជាពេលដែលពួកអាចារ្យ Masoretic បានបង្កើតប្រព័ន្ធចង្អុលស្រៈនៅប្រហែលឆ្នាំ 600-900 នៃគ.ស។ ឯពេលវេលាមុននោះទៀត យើងចូលទៅក្នុងពេលវេលានៃការតែងនិពន្ធព្រះគម្ពីរ។  ដូច្នេះ          ខណៈដែលយើងអាចសិក្សាទស្សន៍ទាយអំពីអ្វីដែលភាសាអង់គ្លេសវ័យចំណាស់កាលពី 1000 ឆ្នាំមុន យើងពិតជាដឹងតិចជាងនេះអំពីការបញ្ចេញសម្លេងរបស់ស្តេចដាវីឌ នៅពេលដែលទ្រង់អានព្រះគម្ពីរជាភាសាហេព្រើរ ។ យើង​គ្រាន់តែអាច​បង្កើតទ្រឹស្តីផ្សេងៗ​តែ​ប៉ុណ្ណោះ ព្រោះ​មិន​មាន​ការថតសម្លេងទុកទេ។

 

ការផ្លាស់ប្ដូរអក្សរ

ភាសាហេព្រើរ ក៏ដូចជាភាសាអង់គ្លេសដែរ ជាច្រើនឆ្នាំមកនេះ គឺមានការផ្លាស់ប្តូរអក្សរជាច្រើន។ តួអក្សរភាសា          ហេព្រើរដែលយើងឃើញសព្វថ្ងៃនេះ គ្មានអ្វីដូចពីដំបូងទាល់តែសោះ (សូមមើលតារាង និងឧទាហរណ៍ជាច្រើននៅទីនេះ)។ អក្ខរក្រមឬតួអក្សរដែលម៉ូសេបានសរសេរលោកុប្បត្តិ គឺខុសគ្នាទាំងស្រុងពីអក្ខរក្រមដែលដានីយ៉ែលធ្លាប់          សរសេរ។ ដូច្នេះ អក្ខរក្រមភាសាហេព្រើរដែលយើងបង្រៀន ហើយដែលអ្នកឃើញនៅក្នុងព្រះគម្ពីរហេព្រើរដែលបានបោះពុម្ព មិនមែនជាទម្រង់បុរាណបំផុតនៃអក្ខរក្រមភាសាហេព្រើរនោះទេ។ ផ្ទុយទៅវិញ ព្រះគម្ពីរភាសាហេព្រើរត្រូវបានធ្វើបច្ចុប្បន្នភាពអស់ជាច្រើនសតវត្សមកហើយ ដើម្បីប្រើអក្ខរក្រម ពាក្យ និងការបញ្ចេញសំឡេងថ្មីដែលមានលក្ខណៈប្រែប្រួលផ្លាស់ប្តូរឥតឈប់ឈរ។

 

ការផ្លាស់ប្ដូរការបញ្ចេញសម្លេង និងវេយ្យាករណ៍

ត្រលប់ទៅភាសាអង់គ្លេសវិញ ត្រឹមតែបួនរយឆ្នាំមុនប៉ុណ្ណោះដែលមនុស្សប្រើ “thee” និង “thou” ដែលយើងមិនប្រើទាល់តែសោះសព្វថ្ងៃនេះ។ ការបញ្ចេញសំឡេងរបស់ពួកគេក៏ខុសពីយើងខ្លាំងណាស់! សូម្បីតែកាលពី 80 ឆ្នាំមុននៅក្នុងខ្សែភាពយន្តសខ្មៅ យើងអាចឮសូរបញ្ចេញសម្លេង ខុសគ្នាពីយើង ។ នៅប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងកាណាដា មានការបញ្ចេញសំឡេង និងវេយ្យាករណ៍ខុសពីភាសាអង់គ្លេសអាមេរិកដែលយើងនិយាយ។ ដូច្នេះ តើភាសាអង់គ្លេសមួយណាដែលត្រឹមត្រូវជាង ឬ “ដើមកំណើត” ឬ “ត្រឹមត្រូវពិតប្រាកដ”? អ្នកប្រហែលជាគិតនិងនិយាយថាភាសាអង់គ្លេសរបស់ចក្រភពអង់គ្លេសគឺត្រឹមត្រូវពិតប្រាកដជាងគេបំផុត! ការគិតរបស់អ្នកប្រហែលត្រឹមត្រូវ … ឬអាចនឹងខុសដែរ (អានបន្ថែមនៅទីនេះ) ។ ប៉ុន្តែ នៅទីបញ្ចប់ នៅតែមានការស្មានជាច្រើន។ តើអ្នកកំពុងចាប់ផ្ដើមមើលឃើញថា«អ្វីមួយពិតប្រាកដបំផុត»អាចជារឿងស្មុគស្មាញខ្លាំងឬទេ? ជាពិសេសនៅពេលដែលយើងគ្មានការថតសម្លេងទុកនូវភាសាអង់គ្លេសដើម?

 

ការបញ្ចេញសម្លេងរបស់ខ្ញុំត្រឹមត្រូវ!

យើង​មិន​ទាន់​បាន​និយាយ​អំពី​ភាព​ស្មុគស្មាញ​នៃ​ការបញ្ចេញ​សំឡេង​ក្នុងភាសានៅតាមតំបន់​ផ្សេង​គ្នា​នៅ​ឡើយ​ទេ! ឧទាហរណ៍ ភាពខុសប្លែកគ្នានៅក្នុងការបញ្ចេញសំឡេងរវាងអ្នកនៅរដ្ឋតិចសាស់ និងអ្នកនៅរដ្ឋកាលីហ្វ័រញ៉ា។ អ្នកនិយាយភាសាហេព្រើរបុរាណមានការបញ្ចេញសំឡេងផ្ទាល់ខ្លួនរបស់ពួកគេ ខុសគ្នាគ្រប់គ្រាន់នឹងសម្លាប់ពួកគេ! នៅចាំរឿងក្នុង ចៅហ្វាយជំពូក 12 ទេ? កុលសម្ព័ន្ធ​អេប្រាអ៊ីម និង​កាឡាដ​របស់​អ៊ីស្រាអែល​កំពុង​តែ​ច្បាំង​គ្នា ហើយ​តាម​មើលទៅ​ពួកគេ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​បញ្ចេញ​សំឡេង​នៃ​អក្សរ​មួយ​ចំនួន៖

 

ពួក​កាឡាដ​បាន​ដណ្តើម​យក​ដង​ទន្លេ​យ័រដាន់​ដែល​ទៅ​ដល់​អេប្រាអ៊ីម ហើយ​រាល់​ពេល​ដែល​អ្នក​រួច​ជីវិត​ពី​អេប្រាអ៊ីម​និយាយ​ថា​៖ ​«​សូម​ឲ្យ​ខ្ញុំ​ឆ្លង​ទៅ​ចុះ» ពួក​អ្នក​ស្រុក​កាឡាដ​សួរ​គាត់​ថា​៖ «តើ​អ្នក​ជា​ជនជាតិ​អេប្រាអ៊ីម​ឬ?» ប្រសិនបើគាត់ឆ្លើយថា «ទេ» ពួកគេនិយាយថា «មិនអីទេ ចូរនិយាយថា “ Shibboleth “» ប្រសិនបើគាត់ឆ្លើយថា «Sibboleth » ដោយសារគាត់មិនអាចនិយាយពាក្យបានត្រឹមត្រូវ ពួកគេចាប់គាត់ ហើយសម្លាប់គាត់នៅមាត់ទន្លេយ័រដាន់។  ជន​ជាតិ​អេប្រាអ៊ីម​បួន​ម៉ឺន​ពីរ​ពាន់​នាក់​ត្រូវ​បាន​គេ​សម្លាប់​នៅ​ពេល​នោះ។

ឥឡូវនេះ សូមចាំថា នេះពេលវេលាមិនយូរប៉ុន្មានបន្ទាប់ពីនិក្ខមនំទេ ហើយវាមានភាពខុសគ្នាខ្លាំងរួចទៅហើយនៃការអភិវឌ្ឍការបញ្ចេញសំឡេង ក្នុងចំណោមកុលសម្ព័ន្ធតែ១ ! ស្រមៃមើលថាតើនឹងមានការផ្លាស់ប្តូរច្រើនយ៉ាងណានៃភាសាហេព្រើរ បន្ទាប់ពីរាប់ពាន់ឆ្នាំក្នុងសាសន៍មួយដែលត្រូវនិរទេសពីរដងទៅរស់នៅជាមួយប្រជាជាតិនៃភាសាផ្សេងទៀត ហើយបន្ទាប់មកមានការខ្ចាត់ខ្វាយទៅរស់ននៅទូទាំងទ្វីបអឺរ៉ុប? តើអ្នកយល់ចំណុចនេះហើយឬនៅ? គ្មាន​នរណា​ម្នាក់​អាច​និយាយ​ថា ​ពួក​គេ​ដឹង​ច្បាស់​ថា​សំឡេងភាសា​ហេព្រើរ​«ប្រភពដើម»​មាន​សំឡេង​យ៉ាង​ណា​នោះ​ទេ។ ហើយ​បើ​ទោះ​ជា​យើង​បាន​ដឹង​ថា​អ័ប្រាហាំ​មាន​សំឡេង​យ៉ាង​ណា​ក៏​ដោយ តើ​យើង​គួរ​ធ្វើ​តាម​ការ​បញ្ចេញ​សំឡេង​របស់​លោកអ័ប្រាហាំ​ឬតាម​ម៉ូសេ? សូមចាំថា ម៉ូសេបានមានវត្តមានជាងបួនរយឆ្នាំបន្ទាប់ពីអ័ប្រាហាំ ហើយគាត់បានធំឡើងនៅក្នុងគ្រួសារជនជាតិអេហ្ស៊ីប ដែលនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើការបញ្ចេញសំឡេងរបស់គាត់ (ស្រដៀងទៅនឹងរបៀបដែលក្មេងនិយាយភាសាអេស្ប៉ាញដែលធំឡើងនៅសហរដ្ឋអាមេរិកអាចមានការបញ្ចេញសំឡេងខុសគ្នាពី កុមារម៉ិកស៊ិក) ។

គ្មានស្រៈទេ?

ភាសាហេព្រើរត្រូវបានសរសេរពីដំបូងដោយគ្មានស្រៈ ដែលធ្វើអោយស្មុគស្មាញដល់ការរៀបចំ ឡើងវិញរបស់យើងអំពីរបៀបដែលវាមានសំឡេងជាប្រភពដើមរបស់វា។ អត្ថបទភាសាហេព្រើរបុរាណបំផុតរបស់យើងដូចជា Dead Sea Scrolls មិនមានបញ្ចូលស្រៈទេ។ ប្រព័ន្ធស្រៈមិនត្រូវបានបង្កើតឡើងសម្រាប់ភាសាហេព្រើរទេ រហូតដល់ប្រហែលបីពាន់ឆ្នាំបន្ទាប់ពីអ័ប្រាហាំ នៅចន្លោះឆ្នាំ 600 និង 900 គ.ស. យើងមានភស្តុតាងពីប្រព័ន្ធបី “Babylonian” “Palestinian” និង ប្រព័ន្ធ Tiberian (ដែលក្រោយមកបានក្លាយទៅជាស្តង់ដារ) មាននិមិត្តសញ្ញាស្រៈប្រាំពីរផ្សេងគ្នា – ដែលយើងប្រើសព្វថ្ងៃនេះ។ ប្រព័ន្ធបាប៊ីឡូនមានស្រៈប្រាំមួយ ហើយប៉ាឡេស្ទីនមានប្រាំ។ ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការអានបន្ថែមអំពីប្រព័ន្ធ Tiberian នៃ Masoretes មានភាគឥតគិតថ្លៃចំនួនពីរដោយ អ្នកជំនាញភាសាហេព្រើរលំដាប់ពិភពលោក Geoffrey Khan៖ ភាគ 1 និង ភាគ 2

ភាពច្របូកច្របល់នៃការបញ្ចេញសំឡេង

នៅពេលដែលប្រជាជនអ៊ីស្រាអែលត្រូវបាននិរទេសទៅបាប៊ីឡូន ជាកន្លែងដែលភាសាអារ៉ាមេក និង អាកាដៀនមានឥទ្ធិពលគ្របដណ្តប់ខ្លាំង អ្នកអាចស្រមៃមើលថាតើមានផលប៉ះពាល់អ្វីខ្លះដល់ភាសារហេព្រើរបស់ពួកគេ។ នេះហើយជាមូលហេតុដែលមានវត្តមានដ៏ខ្លាំងនៃភាសាអារ៉ាមេកនៅក្នុងស្រុកយូដាជាច្រើនសតវត្សក្រោយមកក្នុងសម័យព្រះយេស៊ូវ (រួមជាមួយនឹងភាសាហេព្រើរ និងក្រិក សូមអានបន្ថែមអំពីអ្វីទាំងអស់នៅទីនេះ)។ មនុស្សជាច្រើនក៏ត្រូវបាននៅអេហ្ស៊ីបក្រោយការនិរទេស ជាកន្លែងដែលពួកគេនិយាយភាសាក្រិកច្រើននៅពេលនោះ។ ដូច្នេះ មានឥទ្ធិពលឆ្លងភាសាជាច្រើនបានកើតឡើងក្នុងសតវត្សន៍បន្តបន្ទាប់រហូតដល់សម័យកាលព្រះយេស៊ូវ។

 

បន្ទាប់ពីពួករ៉ូមបានបំផ្លាញព្រះវិហារទីពីរនៅឆ្នាំ 70 នៃគ.ស. ជនជាតិយូដាបានខ្ចាត់ខ្ចាយទៅរស់នៅពាសពេញពិភពលោកច្រើនជាងមុនទៅទៀត នោះបានធ្វើឲ្យការបញ្ចេញសំឡេងនៃភាសាហេព្រើរស្មុគស្មាញច្របូកច្របល់ចង់ឆ្កួតនៅគ្រប់កន្លែង។ ភ្លាមៗនោះ ឥទ្ធិពលនៃភាសាផ្សេងគ្នាជាច្រើនបានធ្វើឱ្យភាសាហេព្រើរប្រែទៅជាផ្លាស់ប្តូរសណ្ឋាន (សូមអានទាំងអស់អំពីការខ្ចាត់ខ្ចាយទៅរស់នៅនៅកន្លែងផ្សេងៗនៅទីនេះ)។ បន្ទាប់ពីជាច្រើនសតវត្សមកហើយ សព្វថ្ងៃនេះ ប្រព័ន្ធបញ្ចេញសំឡេងបែបប្រពៃណីសំខាន់ៗចំនួនបីរបស់ភាសាហេព្រើរបានរស់រានមានជីវិត ហើយត្រូវបានប្រើប្រាស់នៅក្នុងសាលាប្រជុំនានាជុំវិញពិភពលោកគឺ៖ Ashkenazic, Sephardic និង Teimani ។ (សហគមន៍ជាតិសាសន៍សាម៉ារីក៏រក្សាការបញ្ចេញសំឡេងភាសាហេព្រើររបស់ខ្លួនផងដែរ ដែលខុសពីភាសាជាប្រពៃណីរបស់ជនជាតិយូដា។ )

ដូច្នេះ តើប្រព័ន្ធបញ្ចេញសំឡេងមួយណាក្នុងចំណោមប្រព័ន្ធបញ្ចេញសំឡេងទាំងបីនេះ “ត្រឹមត្រូវ” ជាងគេ? ជាថ្មីម្តងទៀត យើងមិនមានការថតសំឡេងភាសាហេព្រើរជាប្រភពដើមទេ។ តាមភាសាវិទ្យា វាពិតជាគ្មានវិធីក្នុងការសម្រេចចិត្តថាមួយណាល្អជាងគេនោះទេ ប៉ុន្តែប្រវត្តិសាស្ត្រភាសាវិទ្យា ប្រាប់យើងថា ប្រហែលជាប្រព័ន្ធបញ្ចេញ            សម្លេងនីមួយៗមានធាតុមួយចំនួននៃភាសាហេព្រើរបុរាណ ក៏ដូចជាការផ្លាស់ប្តូរមួយចំនួនផងដែរ។ ដូច្នេះសំណួរ             «មួយណាត្រឹមត្រូវជាងគេ?» មិនមែនជាសំណួរដែលអាចជួយ ឬអាចឆ្លើយបាននោះទេ។

ភាសាហេព្រើរសម័យទំនើប

បិតានៃភាសាហេព្រើរសម័យទំនើបលោក Eliezer ben Yehudah បានទទួលយកការបញ្ចេញសំឡេង Sephardic នៃស្រៈ (អត្ថបទគួរឱ្យចាប់អារម្មណ៍អំពីវានៅទីនេះ) ។ ប៉ុន្តែដោយសារជនជាតិយូដានៅអឺរ៉ុបមានការលំបាកក្នុងការបញ្ចេញសំឡេងព្យញ្ជនៈហេព្រើរនៃ Sepharadim (ע និង ח ) ពួកគេបានប្រើភាគច្រើននៃការបញ្ចេញសំឡេង Ashkenazic នៃព្យញ្ជនៈជំនួសវិញ ប៉ុន្តែរក្សាស្រៈ Sephardic ។ ដូច្នេះ ភាសាហេព្រើរទំនើបគឺជាប្រពៃណី ដែលមានលក្ខណៈជាប្រពៃណីចម្រុះ លាយបញ្ចូលគ្នានៃប្រពៃណីផ្សេងៗទៀត ដែលបានវិវត្តន៍ជាងមួយសហស្សវត្សរ៍។រឿងនេះស្មុគស្មាញណាស់! មើលឃើញទេថា តើវាពិបាកប៉ុណ្ណាក្នុងការកំណត់និយមន័យនៃពាក្យ «ការបញ្ចេញសំឡេងភាសាហេព្រើរបុរាណ»?

ខាងក្រោមនេះអ្នកអាចមើលវីដេអូដែលបង្ហាញពីភាពស្មុគស្មាញនៃបញ្ហានេះ នៅក្នុងប្រពៃណីទំនើបក៏ដោយ!

ការបង្រៀនភាសាហេព្រើរសព្វថ្ងៃនេះ

ដូច្នេះ ពេល​អ្នក​ប្រាជ្ញ​ភាសា​ហេព្រើរ​សម្រេច​ចិត្ត​បង្រៀន​ភាសា​ហេព្រើរ​ក្នុងព្រះ​គម្ពីរ​នៅ​សព្វថ្ងៃ​នេះ ពួកគេ​មិន​មាន​ការ​បញ្ចេញ​សំឡេង​តាម​ស្តង់ដារ​ដែល​ពួក​គេ​អាច​ជ្រើសរើសបាន​នោះ​ទេ។ ការនេះនាំឱ្យមានចំណុចសំខាន់ៗចំនួនបី៖ 1) ប្រើការបញ្ចេញសំឡេងភាសាហេព្រើរសម័យទំនើប 2) ប្រើប្រពៃណីមួយក្នុងចំណោមប្រពៃណីទាំងបីដែលបានរៀបរាប់ខាងលើ 3) ឬបង្កើតការបញ្ចេញសំឡេងកូនកាត់ផ្ទាល់ខ្លួនរបស់អ្នក។ ចូរយើងវិភាគមើលគុណសម្បត្តិ និងគុណវិបត្តិនៃជម្រើសនីមួយៗ។

1. ការបញ្ចេញសំឡេងភាសាហេព្រើរទំនើប

ជម្រើសនេះមានភាពទាក់ទាញ ព្រោះវាត្រូវបានប្រើប្រាស់ដោយមនុស្សរាប់លាននាក់នៅសព្វថ្ងៃនេះ ហើយវា    សាមញ្ញ៖ ការបញ្ចេញសំឡេងតែមួយសម្រាប់ទាំងសម័យទំនើប និងបុរាណ។ ប៉ុន្តែគុណវិបត្តិគឺថា អ្នកអាចនឹងទទួលការរិះគន់ចំពោះការមិនបង្រៀនភាសាហេព្រើរព្រះគម្ពីរ ព្រោះវាស្តាប់ទៅដូចជាការបញ្ចេញសម្លេងនៅសម័យទំនើប។ ដូចគ្នានេះផងដែរ ការបញ្ចេញសំឡេងនៅសម័យទំនើបមិនអាចបែងចែករវាងអក្សរដូចជា ע និង אח និង כ, ដែលអាចធ្វើឱ្យសិស្សថ្នាក់ដំបូងងាយយល់ច្រឡំ ជាពិសេសប្រសិនបើពួកគេកំពុងព្យាយាមរៀនវាក្យសព្ទតាមរយៈការស្តាប់។

2. ប្រើប្រពៃណីមួយក្នុងចំណោមប្រពៃណីទាំងបី

អត្ថប្រយោជន៍មួយនៃប្រពៃណីទាំងនេះគឺថា គេអាចរកឃើញការថតសម្លេងនៃព្រះគម្ពីរភាសាហេព្រើរដោយប្រើការបញ្ចេញសំឡេងរបស់ពួកគេ ព្រោះវាជាទម្លាប់ដែលជនជាតិយូដាបញ្ចេញសំឡេងនៅពេលអានព្រះគម្ពីរ បើទោះបីជាពួកគេជាធម្មតានិយាយភាសាហេព្រើរទំនើបក៏ដោយ (ប្រភេទដូចជារបៀបដែលមនុស្សមួយចំនួនចូលចិត្ត អាន KJV ជាមួយ “thee” និង “thou” ទោះបីជាពួកគេមិនដែលនិយាយបែបនេះក្នុងជីវិតប្រចាំថ្ងៃក៏ដោយ) ។ ដូច្នេះ វាក៏មានគុណសម្បត្តិដែរ ដែលពួកគេត្រូវបានទទួលយកជាប្រវត្តិសាស្ត្រដោយជនជាតិយូដា ជារបៀបជា «ផ្លូវការ» ក្នុងការបញ្ចេញសម្លេងពេលអានអត្ថបទព្រះគម្ពីរ។ ជាចុងក្រោយ អ្នកមិនមានគុណវិបត្តិនៃភាសាហេព្រើរទំនើបដែលបានរៀបរាប់ខាងលើទេ។ ប៉ុន្តែគុណវិបត្តិមួយគឺថាប្រពៃណីទាំងនេះនៅតែមិនច្បាស់លាស់ដូចអ្វីដែលមនុស្សស្មានថាជាភាសាហេព្រើរបុរាណ។ មានសំឡេងមួយចំនួនដែលពិបាកបញ្ចេញសំឡេងសម្រាប់ប្រជាជនមកពីប្រទេសផ្សេងៗ ហើយពួកគេមិនស៊ីសង្វាក់គ្នាក្នុងការបញ្ចេញសំឡេងខុសគ្នានៃអក្សរមួយចំនួន (ភាសាហេព្រើរសម័យទំនើបកាន់តែពិបាកជាង) ។ ជាឧទាហរណ៍ ការបញ្ចេញសំឡេងបែប Sephardic មិនបែងចែករវាង ד និង ת និង ប៉ុន្ដែវា នៅតែបែងចែករវាង  ב និង ល។ ការបញ្ចេញសំឡេងបែប Sephardic ក៏មិនសូវបែងចែកការបញ្ចេញរបស់ស្រៈមួយចំនួនដែរ (សូមអានបន្ថែមនៅទីនេះ)។

3. បង្កើតការបញ្ចេញសំឡេងកូនកាត់ផ្ទាល់ខ្លួនរបស់អ្នក

គុណសម្បត្តិនៃវិធីសាស្រ្តនេះគឺថាអ្នកអាចសម្របភាសាហេព្រើរទៅនឹងការកំណត់ការបញ្ចេញសំឡេងផ្ទាល់ខ្លួនរបស់អ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកចូលចិត្តបញ្ចេញសំឡេង ר ដូច ‘r’ [ɹ] in ជាភាសាអង់គ្លេសបែបអាមេរិក អ្នកអាចធ្វើវាបាន ហើយជៀសវាងការបន្សាំមាត់របស់អ្នកទៅ សំឡេងដូចបរទេស ។ សាស្ត្រាចារ្យជាច្រើននៅសហរដ្ឋអាមេរិកធ្វើបែបនេះ។ គុណសម្បត្តិមួយទៀតគឺថាអ្នកអាចលាយបញ្ចូលគ្នានៅក្នុងការបញ្ចេញសំឡេងដែលអ្នកត្រូវបានគេជឿជាក់ថាសំខាន់ជាង ហើយជាប្រវត្តិសាស្រ្ត។ ជាឧទាហរណ៍ មនុស្សជាច្រើនជ្រើសរើសបញ្ចេញសំឡេង ו ជា ‘w’ [w] ជំនួសអោយ ‘v’ [v]  នៃភាសាហេព្រើរទំនើប និង sephardic  ( ខណៈ​ដែល​យើង​មិន​ដឹង​ថា​លោក​ម៉ូសេ​បាន​បញ្ចេញ សម្លេង​ដោយ​របៀប​ណា យើង​មាន​ភ័ស្តុតាង​ដ៏​ល្អមួយ​ពី Septuagint ដែល​វា​ត្រូវ​បាន​បញ្ចេញសម្លេង​ថា​ជា [w] ប្រហែលនៅសតវត្ស​ទី 3 មុនគ.ស.) ដូច្នេះ ប្រហែល​ជា​មាន​សាស្ត្រាចារ្យ​ជា​ច្រើន​នាក់​ក្នុង​ថ្នាក់​សិក្ខាសាលា​​ដែល​បង្រៀន​ការបញ្ចេញសំឡេង​ខុស​គ្នា​ខ្លាំង។ អាស្រ័យលើអ្វីដែលពួកគេបានជ្រើសរើស! ប៉ុន្តែរហូតមកដល់ពេលនេះ តាមបទពិសោធន៍របស់យើង យើងមិនដែលឃើញសាស្ត្រាចារ្យបង្រៀនភាសាហេព្រើរ ដែលប្រើការបញ្ចេញសំឡេងកូនកាត់ទៀងទាត់ជាប់រហូតទាំងស្រុងនោះទេ។ ជាឧទាហរណ៍ សាស្រ្តាចារ្យម្នាក់ដែលយើងស្គាល់ និងស្រឡាញ់ប្រើ[w] សម្រាប់ ו, ប៉ុន្តែជាធម្មតាបញ្ចេញសំឡេង  ע និង א ដូចគ្នា។ ខណៈពេលដែលគាត់បែងចែករវាង ת និង תּ (ដែលសម័យទំនើប និង sephardic មិនធ្វើអញ្ចឹងទេ) គាត់ជ្រើសរើសមិនបែងចែករវាង  និង כ. ។ សាស្ត្រាចារ្យដូចជាគាត់ដែលបង្កើតប្រព័ន្ធបញ្ចេញសំឡេងផ្ទាល់ខ្លួនរបស់ពួកគេបានប្រកែកថា ដោយសារ តាមបច្ចេកទេស ព្រះគម្ពីរភាសាហេព្រើរគឺជាភាសាស្លាប់ ហើយមិនអាចបង្កើតឡើងវិញជាមួយនឹងភាពត្រឹមត្រូវច្បាស់លាស់នោះ វាគ្មានចំណុចណាក្នុងការទទូចលើប្រព័ន្ធបញ្ចេញសំឡេងមួយលើប្រព័ន្ធផ្សេងទៀតនោះទេ។ នោះទុកឱ្យពួកគេបង្រៀនដោយសេរី តាមរបៀបដែលពួកគេមានអារម្មណ៍ស្រួល និងងាយស្រួលបំផុត។ សម្រាប់ពួកគេ រឿងសំខាន់គឺត្រូវរៀនពីរបៀបអាន មិនមែននិយាយទេ ព្រោះគ្មានអ្នកនិយាយភាសាហេព្រើរពីព្រះគម្ពីរប៊ីបទៀតទេ។ ជាក់ស្តែងគុណវិបត្តិគឺថាមនុស្សអាចចោទប្រកាន់ជម្រើសនេះថាមិនស៊ីសង្វាក់គ្នានិងដោយគ្មានតំណាងនៅក្នុងប្រពៃណីសំខាន់ៗណាមួយ។ ម្យ៉ាង​ទៀត ការ​រៀន​ជាមួយ​នឹង​ប្រព័ន្ធ​កូនកាត់​អាច​នឹង​ធ្វើ​ការងារ​អន់​ជាង​ការ​រៀបចំ​នរណា​ម្នាក់​ឱ្យ​រៀន​ភាសា​ហេព្រើរ​ទំនើប។

តើយើងជ្រើសរើសការបញ្ចេញសម្លេងមួយណា និង ហេតុអ្វី?

សម្រាប់ Aleph ជាមួយ Beth យើងជ្រើសរើសក្នុងការប្រើការបញ្ចេញសម្លេង Sephardic សម្រាប់ហេតុផលចម្បង៥ ។

  1. វាគឺជាការបញ្ចេញសំឡេងបែបគរុកោសល្យដ៏ប្រសើរដែលបែងចែកអក្សរជាក់លាក់ច្រើនជាងភាសាហេព្រើរទំនើប។
  2. វាមានទំនៀមទម្លាប់យូរអង្វែងយ៉ាងរឹងមាំជាវិធីផ្លូវការមួយដើម្បីអានព្រះគម្ពីរជាភាសាហេព្រើរ ហើយជាការបញ្ចេញសំឡេងដែលពេញចិត្តរបស់លោក Ben Yehudah ដែលជាអ្នកធ្វើអោយរស់ឡើងវិញនៃភាសាហេព្រើរ។ ហើយសម្រាប់ពួកយើង វាស្តាប់ទៅដូចជាបុរាណជាង។
  3. វាមិនឆ្ងាយពីការបញ្ចេញសំឡេងភាសាហេព្រើរ សម័យទំនើបប៉ុន្មានទេ ដែលមនុស្សនឹងវង្វេងទាំងស្រុងនៅពេលពួកគេជួបប្រទះនឹងភាសាហេព្រើរសម័យទំនើប។
  4. វាមិនមានសំឡេងពិបាកច្រើនពេកនោះទេ។ វាស្ថិតនៅផ្នែកកណ្តាលដ៏ល្អមួយនៅក្នុងលក្ខខណ្ឌនៃ បរទេសភាព និងភាពអាចទទួលយកបាន  ។
  5. មូលហេតុដ៏សំខាន់បំផុតមួយក្នុងចំណោមហេតុផលផ្សេងទៀតគឺថា ឥតគិតថ្លៃ ច្បាស់លាស់ មានប្រយោជន៍ មានការថតសម្លេងជាសាធារណៈ នៃព្រះគម្ពីរភាសាហេព្រើរទាំងមូលនៅក្នុងការបញ្ចេញសំឡេង Sephardic ដោយលោក Abraham Shmuelof ដែលអាចប្រើបានជាកម្មវិធីឥតគិតថ្លៃផងដែរ។ ដោយសារយើងមានចំណង់ចំណូលចិត្តក្នុងការផ្តល់ភាសាហេព្រើរដល់មនុស្សដោយឥតគិតថ្លៃ យើងចង់ធ្វើឱ្យវាត្រូវគ្នាជាមួយនឹងធនធានឥតគិតថ្លៃផ្សេងទៀត ដូច្នេះសិស្សមិនច្រឡំដោយ ការបញ្ចេញសំឡេងខុសៗគ្នា នៅពេលពួកគេចាប់ផ្តើមប្រើប្រាស់ខ្លឹមសារបន្ថែមទៀត។

ប្រសិនបើយើងជ្រើសរើសបង្កើតឡើងវិញនូវការបញ្ចេញសំឡេងដែលបន្តហើយមិនប្រែប្រួលទាំងស្រុង ចាប់ពីចំណុចខ្លះក្នុងសម័យកាលបុរាណ នោះយើងនឹងប្រឈមនឹងគុណវិបត្តិមួយចំនួន៖ សិស្សរបស់យើងនឹងក្លាយជាជនជាតិភាគតិចដ៏ធំនៅក្នុងសហគមន៍ហេព្រើរ។ ដូច្នេះពួកគេនឹងមានបញ្ហាច្រើនទៀតក្នុងការនិយាយអំពីភាសាក្នុងរង្វង់អ្នកសិក្សា។

  1. សិស្សរបស់យើងអាចនឹងមានបន្ទុកធ្ងន់ដោយបរិមាណនៃសំឡេងដែលពិបាកៗយ៉ាងច្រើនដែលពួកគេនឹងត្រូវរៀនឲ្យស្ទាត់ជំនាញ។ ការនេះមិនចាំបាច់ក្នុងការបង្រៀន និងនិយាយភាសាហេព្រើរជាច្រើន         សតវត្សមកហើយ ហើយយើងមិនឃើញថាវាមិនចាំបាច់បន្ថែមបន្ទុកដល់សិស្សនៅពេលនេះទេ។
  2. មិនមានធនធានផ្សេងទៀតសម្រាប់សិស្សក្រៅពីការបញ្ចេញសំឡេងដែលបានបង្កើតឡើងវិញរបស់យើងឡើយ។
  3. ទោះបីជាយើងអាចអួតថាយើងមានប្រព័ន្ធ «ត្រឹមត្រូវតាមប្រវត្តិសាស្ត្រ» ក៏ដោយ ក៏យើងត្រូវតែទទួលស្គាល់ដូចអ្នកដទៃទៀតដែរថា
  4. យើងពិតជាមានការអប់រំត្រឹមតែការទស្សន៍ទាយប៉ុណ្ណោះ។ ដូច្នេះ ទីបញ្ចប់ យើងនឹងឆ្លងកាត់បញ្ហាជាច្រើនសម្រាប់អ្វីដែលនៅឆ្ងាយពីភាពប្រាកដប្រជា។

ចុះសម្រាប់ព្រះនាមព្រះវិញ

ខណៈពេលដែលយើងខិតខំធ្វើឱ្យបន្តដោយឥតប្រែប្រួលពេញលេញជាមួយនឹងប្រព័ន្ធបញ្ចេញសំឡេង Sephardic យើងទទួលស្គាល់ថា យើងមិនអាចធ្វើឱ្យបន្តដោយឥតប្រែប្រួល នៅក្នុងការបញ្ចេញសំឡេងរបស់យើង អំពីព្រះនាមរបស់ព្រះ יהוהទេ ។ យើងធ្វើនេះសម្រាប់ហេតុផលសំខាន់ពីរ៖

  1. ការបញ្ចេញសំឡេងដែលទទួលបានការទទួលយកយ៉ាងទូលំទូលាយបំផុតនៅក្នុងសហគមន៍អ្នកប្រាជ្ញគឺ « Yahweh »។ ដូច្នេះយើងចង់ឲ្យសិស្សធ្លាប់ឮឈ្មោះដូចជាគេនឹងអានវាក្នុងការអធិប្បាយជាដើម។
  2. ព្រះនាមរបស់ព្រះ  គឺពិសេស ដូច្នេះយើងមានអារម្មណ៍ថាសមហេតុផលក្នុងការផ្តល់ឱ្យវានូវការបញ្ចេញសំឡេងពិសេស ដែលប្រើសំឡេង [w] ដែលជនជាតិហេព្រើរបានប្រើតាមប្រវត្តិសាស្ត្រសម្រាប់ព្យញ្ជនៈ vav

សម្រាប់អ្នកដែលឆ្ងល់ថាហេតុអ្វីបានជាយើងប្រកបពាក្យថា “យ៉ាហ្វេ” (“Yahweh”) ជាជាងការនិយាយថា “អាដូណៃ” (“adonai”) អ្នកអាចអានការពន្យល់ពេញលេញរបស់យើងអំពីប្រធានបទនេះ។ លោក Andrew ក៏បានធ្វើការថតសម្លេងដើម្បីផ្សព្វផ្សាយចំនួន 11 ផ្នែកដែលពិភាក្សាអំពីបញ្ហានេះផងដែរ។ អ្នកអាចស្តាប់ភាគដំបូងនៅទីនេះ

សរុបសេចក្តី យើងសង្ឃឹមថាអ្វីៗទាំងអស់នេះបានជួយអ្នកឱ្យឃើញថា យើងបានគិតគូរអំពីបញ្ហានេះយ៉ាងយកចិត្តទុកដាក់ ហើយយើងយកចិត្តទុកដាក់ចំពោះបញ្ហានេះយ៉ាងខ្លាំង។ យើងក៏សង្ឃឹមដែរថា អ្នកណាក៏ដោយដែលអានរឿងនេះ ហើយមានមតិជំទាស់ខ្លាំងថាការបញ្ចេញសំឡេងរបស់យើងមិនមានប្រយោជន៍ ឬមិនប្រាកដនិយម នឹងគោរពការសម្រេចចិត្តរបស់យើង ហើយមានឆន្ទៈក្នុងការទទួលស្គាល់ថា មតិទាំងអស់អំពីការបញ្ចេញសំឡេងជាភាសាហេព្រើរគឺផ្អែកលើការប៉ាន់ស្មានជាច្រើន។ នេះគឺជាប្រធានបទដែលយើងទាំងអស់គ្នាត្រូវតែបន្ទាបខ្លួន គោរព និងបង្ហាញចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមក។ សាឡូម!