ហេតុអ្វីភាសាហេព្រើរ?
ការសិក្សាភាសាហេព្រើរគឺសម្រាប់តែអ្នកអ្នកប្រាជ្ញ ពិតមែនទេ?
សម្រាប់មនុស្សភាគច្រើន គិតថាការសិក្សាភាសាដើម ជាអ្វីមួយដែលពួកគេមិនដែលស្រមៃចង់រៀន ប៉ុន្តែពួកគេដឹងថាមនុស្សខ្លះមាន អារម្មរណ៍ថាត្រូវបានត្រាស់ហៅឲ្យរៀន។ និយាយបែបម្យ៉ាងទៀត មនុស្សភាគច្រើនគិតថា ការសិក្សាភាសាក្រិក និងហេព្រើរគឺមិនមែនសម្រាប់មនុស្សធម្មតាទេ។ អស់ពេលជាច្រើនឆ្នាំមកហើយ មនុស្សជាច្រើនបានចាប់ផ្ដើមគិតថា គ្រូគង្វាលពិតជាមិនត្រូវការសិក្សាភាសានៃព្រះគម្ពីរទេ។
សំណួរដែលខ្ញុំចង់សួរគឺថា៖ តើយើងបានឈានដល់ចំណុចនេះក្នុងប្រវត្តិសាស្ត្រដោយរបៀបណា ដែលយើងគិតថាភាសាព្រះគម្ពីរគឺជាអ្វីមួយសម្រាប់តែពួកវរជនខាងវិញ្ញាណ និងអ្នកប្រាជ្ញ ? មានហេតុផលសំខាន់ៗជាចម្បងបីយ៉ាង៖ ១) វិធីសាស្រ្តបែបបំភ័យ ២)បច្ចេកវិទ្យាមិនគ្រប់គ្រាន់ ៣) ការចំណាយ។ ចូរយើងវិភាគមើលម្តងមួយៗដូចខាងក្រោម៖
- ចាប់តាំងពីមជ្ឈឹមសម័យរៀងមក មនុស្សជាច្រើនបានបង្រៀនភាសាហេព្រើរដោយប្រើរបៀបមួយដែលហៅថា “វិធីសាស្ត្រវេយ្យាករណ៍” វិធីសាស្ត្រមួយនេះប្រព្រឹត្តចំពោះភាសាហេព្រើរដូចជាលេខកូដដែលអ្នកត្រូវរៀនបំបែក ជាជាងជាអ្វីដែលយើងអាចប្រើប្រាស់ដោយ រីករាយ ។ ជាមួយនឹងវិធីសាស្រ្តនេះ អ្នកត្រូវណែនាំយ៉ាងរហ័សទៅកាន់តារាងស្មុគស្មាញ ដែលអ្នកត្រូវរៀនតាមរយៈការទន្ទេញចាំ។ វាប្រៀបដូចជាការរៀនគណិតវិទ្យា។ អាចនិយាយបានម្យ៉ាងទៀតថា វាមិនដូចរបៀបដែលបានរៀននិយាយភាសាកំណើតរបស់អ្នកកាលពីនៅតូចៗឡើយ។
- ពេលខ្ញុំនិយាយថា បច្ចេកវិជ្ជាមិនគ្រប់គ្រាន់ ខ្ញុំចង់និយាយថា អស់ជាច្រើនសតវត្សមកហើយ គ្មានមធ្យោបាយណាសម្រាប់មនុស្សម្នាក់អាចបង្រៀនមនុស្សរាប់លាននាក់បាន (ដូចអ្នកអាចធ្វើបាននៅលើ YouTube សព្វថ្ងៃនេះ)ទេ។ អ្នកអាចបោះពុម្ពសៀវភៅដែលបង្រៀនមនុស្សបាន ប៉ុន្តែដោយសារតែកត្តាជាច្រើន មនុស្សភាគច្រើននឹងមិនទិញសៀវភៅរបស់អ្នកទេ ហើយប្រសិនបើពួកគេទិញ ពួកគេនឹងមិនប្រើប្រាស់វាឡើយ។ ភាសាអាចរៀនបានយ៉ាងល្អបំផុតនៅពេលដែលមានគ្រូបង្រៀនដែលបង្ហាញអ្នកពីរបៀបប្រើភាសា ដើម្បីឱ្យអ្នកឮវាច្រើន មើលបរិបទនៃការប្រើប្រាស់វា និងទទួលបានអារម្មណ៍អំពីរបៀបដែលវាដំណើរការ។ អ្នកមិនអាចរៀនបែបនេះ បានជាមួយសៀវភៅសិក្សាទេ។ បញ្ហាចម្បងនោះ សៀវភៅទាក់ទងទៅនឹងវប្បធម៌ដែលនិយមអាន មិនមែនវប្បធម៌និយាយផ្ទាល់មាត់ទេ។ ហើយ 70% នៃវប្បធម៌ពិភពលោកគឺនិយាយផ្ទាល់មាត់។ នោះមានន័យថា គ្រីស្ទបរិស័ទភាគច្រើននៅក្នុងពិភពលោក មិនមែនមកពីវប្បធម៌ដែលធ្លាប់រៀនពីសៀវភៅនោះទេ។ ព្រះយេស៊ូវបានរស់នៅក្នុងវប្បធម៌និយាយផ្ទាល់មាត់ ដូច្នេះហើយបានជា ទ្រង់ចំណាយពេលច្រើនដើម្បីមានបន្ទូលជាមួយនឹងមនុស្ស ជាជាងផលិតជាសៀវភៅ។
- ទើបតែរយៈពេល 150 ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលសៀវភៅក្លាយជាមានតម្លៃសមរម្យសម្រាប់មនុស្សធម្មតាដែលរស់នៅក្នុងវប្បធម៌ដែលចេះអក្សរដូចលោកខាងលិច។ ប៉ុន្តែនៅកន្លែងច្រើនបំផុតនៃពិភពលោក ដែលមនុស្សមានជីវភាពខ្វះខាត មិនអាចទិញសៀវភៅអានឡើយ។ ប្រសិនបើពួកគេសន្សំទុកសម្រាប់ទិញសៀវភៅ ប្រហែលពួកគេនឹងយកលុយសន្សំនោះទិញរបស់ផ្សេង (ពិតប្រាកដជាមិនទិញសៀវភៅវេយ្យាករណ៍ភាសាហេព្រើរទេ)។ លើសពីហ្នឹងទៅទៀត សៀវភៅវេយ្យាករណ៍ភាសាហេព្រើរមានតម្លៃថ្លៃជាងសៀវភៅផ្សេងទៀត ហើយត្រូវបានបកប្រែជាភាសាផ្សេងទៀត ក្រៅពីលោកខាងលិច តិចតួចបំផុត។ ហេតុអ្វី? ព្រោះសៀវភៅបែបនេះលក់មិនដាច់សោះឡើយនៅក្នុងវប្បធម៌ផ្ទាល់មាត់! ដូច្នេះក្រុមជំនុំភាគច្រើនបានបោះបង់ចោលការរៀនភាសាហេព្រើរ ដោយសារតែពួកគេក្រីក្រពេក មិនចេះភាសាអង់គ្លេស និងមិនបានធំឡើងនៅក្នុងវប្បធម៌ដែលចេះអក្សរ។ ខ្ញុំមិនដឹងអំពីគំនិតអ្នកទេ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថាស្ថានភាពនេះមិនសមឡើយ ។
ឱបក្រសោបអនាគត
ដូច្នេះនៅ Aleph with Beth ពួកយើងកំពុងប្រឹងប្រែងប្រើប្រាស់បច្ចេកវិទ្យាថ្មីដែលព្រះបានផ្តល់ឱ្យយើង ដើម្បីបង្រៀនភាសាហេព្រើរដល់ពិភពលោកតាមរបៀបដែលដំណើររការសម្រាប់ពួកគេ។ មនុស្សមកពីវប្បធម៌និយាយផ្ទាល់មាត់ចូលចិត្ត វីដេអូរបស់យើងដោយសារវីដេអូរបស់យើងមានលក្ខណៈជាសម្លេង និងរូបភាព ហើយវាក៏មានភាពសប្បាយរីករាយ និងមានភាពស៊ីសង្វាក់គ្នាផងដែរ ។ កត្តាភ័យខ្លាចបានបាត់អស់ហើយ។ ហើយដោយសារវាមិនត្រូវការបង់ប្រាក់ ហើយនឹងមានវត្តមានជានិច្ចសម្រាប់ប្រើប្រាស់បានគ្រប់ពេល ដូច្នេះមិនមានឧបសគ្គលើការបង់ថ្លៃ។ ជាចុងក្រោយ ដោយសារវិដេអូរបស់យើងប្រើ ភាសាហេព្រើរ តែប៉ុណ្ណោះ នោះគ្រប់គ្នាមនុស្សទាំងអស់ អាចរៀនបាន ដោយមិនចាំបាច់ចេះភាសាអង់គ្លេស។
តាមពិត ការរៀនភាសាគឺជារឿងធម្មតា
ឥឡូវនេះយើងរស់នៅក្នុងពិភពលោកដែលការរៀនភាសាជារឿង ធម្មតា។ មនុស្សភាគច្រើននៅក្នុងពិភពលោកត្រូវប្រើភាសាពីរ ឬច្រើនដើម្បីដំណើរការក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយពួកគេមានបទពិសោធន៍ចំពោះការរៀនភាសាថ្មី។ ការរៀនភាសាថ្មីគឺដូចជាការរៀនជំនាញផ្សេងៗដែរ គឺមនុស្សធ្វើគ្រប់តែពេលហ្នឹង។ សូម្បីតែព្រះយេស៊ូវ និងប៉ុលក៏ចេះភាសាច្រើនជាងមួយដែរ។
ការរៀនលេងឧបករណ៍តន្ត្រីវាលំបាក ដូចការរៀនភាសាដែរ ប៉ុន្តែមនុស្សធម្មតារាប់លាននាក់នៅតែរៀនទូទាំងពិភពលោក។ ដូច្នេះ ប្រសិនបើមនុស្សបានចំណាយពេលយ៉ាងច្រើនក្នុងការរៀនឧបករណ៍តន្ត្រី និងភាសាផ្សេងទៀត ហេតុអ្វីបានជាពួកគេមិនអាចរៀនភាសាក្រិក និងហេព្រើរបាន? គឺវាពិតជាអាចទៅរួច ប្រសិនបើយើងជួយគ្នាទៅវិញទៅមក និងបង្កើតការបង្រៀនដែលប្រកបដោយគុណភាព ផ្តល់ឲ្យដោយឥតគិតថ្លៃ!
យើងមិនមែនរស់នៅក្នុងមជ្ឈិមសម័យទៀតទេ
បច្ចេកវិទ្យាសន្សំសំចៃពេលវេលាដែលអនុញ្ញាតឱ្យមនុស្សច្រើនលើសលប់ជាងពីមុនអាចរៀនអ្វីថ្មីៗជាច្រើន ។ ការអប់រំគឺជាភាពប្រណិតសម្រាប់មនុស្សក្នុងមជ្ឈឹមសម័យ ប៉ុន្តែឥឡូវនេះវាអាចទៅរួចសម្រាប់មនុស្សច្រើនជាងពេលណាៗទាំង អស់។ ពេលវេលាទំនេររាប់ពាន់លានម៉ោងនឹងត្រូវចំណាយលើអ្វីមួយជារៀងរាល់ឆ្នាំ។ ហេតុអ្វីបានជាមិនរៀនភាសានៃព្រះគម្ពីរ?
យើងទាំងអស់គ្នាដឹងថា យើងគួរតែ « រីកចម្រើននៅក្នុងព្រះគុណ និងចំណេះដឹងអំពីព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទរបស់យើង » (2ពេត្រុស 3:18) ។ ដូច្នេះ ហេតុអ្វីបានជាការរៀនភាសានៃព្រះគម្ពីរមិនមែនជាផ្នែកមួយនៃគោលដៅដើម្បីចម្រើនចំណេះដឹងឱ្យបានកាន់តែប្រសើរ និងមើលឃើញអំពីព្រះយេស៊ូវបន្ថែមទៀត?
ហេតុផលចម្បងខ្លះៗ
យើងរស់នៅក្នុងពិភពលោកដែលកាន់តែការទាស់ប្រឆាំងនឹងព្រះគម្ពីរ។ សេចក្តីបង្រៀនខុសឆ្គង គឺជាការគំរាមកំហែងខ្លាំងជាងពេលណាទាំងអស់ ដោយព្រោះតែអ៊ីនធឺណិត។ អស់អ្នកដែលមិនមានសិទ្ធិប្រើប្រាស់ភាសាដើម ងាយនឹងទទួលការបង្រៀនខុសឆ្គង និងងាយចាញ់ការប្រឈមរបស់អ្នកដែលជំទាស់ភាពទុកចិត្តបាននៃព្រះគម្ពីរ។
ចុះបើអ្នកបានឃើញវីដេអូលើអ៊ីនធឺណិតអំពីបុរសម្នាក់អធិប្បាយដូចនេះ៖ «ខ្ញុំបានមើលភាសាហេព្រើរដើម ចែងថា ការសង្គ្រោះរបស់យើងគឺផ្អែកលើចំនួនដែលយើងដាក់ដង្វាយ!»។ តើអ្នកគួរជឿគាត់ទេ? គាត់ប្រហែលជាកំពុងអធិប្បាយដោយប្រើសិទ្ធិអំណាចមួយដែលគួរឱ្យជឿជាក់ ស្លៀកសម្លៀកបំពាក់ដ៏ប្រណិត ហើយឈរនៅក្នុងព្រះវិហារដ៏ធំដែលមានមនុស្សរាប់ពាន់នាក់និយាយថា “អាម៉ែន!” តើយើងអាចពន្យល់អ្នកដទៃដោយរបៀបណាថាហេតុអ្វីគាត់ខុស? យើងមិនអាចទេ ព្រោះយើងមិនស្គាល់ភាសាហេព្រើរ។ ដូច្នេះ យើងមិនអាចប្រឈមមុខនឹងគាត់អំពីការកុហកដែលគាត់កំពុងអធិប្បាយនោះទេ ហើយយើងក៏មិនអាចនិយាយដោយអំណាចណាមួយដើម្បីព្រមានបងប្អូនប្រុសស្រីរបស់យើងដែរ។
ត្រង់នេះ មនុស្សកាន់តែច្រើនរៀនភាសាព្រះគម្ពីរ គ្រូខុសឆ្គងកាន់តែតិចអាចបញ្ឆោតពួកគេបាន។ ព្រះយេស៊ូវបានមានបន្ទូលថា « ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ ដែលមកឯ អ្នករាល់គ្នាដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេជាឆ្កែចចកដែលឆ្មក់ស៊ីវិញ» ( ម៉ាថាយ ៧:១៥ ) ។ ហើយប៉ុលបានព្រមានថា៖ «ដ្បិតខ្ញុំដឹងថា ក្រោយដែលខ្ញុំទៅបាត់ នោះនឹងមានឆ្កែព្រៃដ៏សាហាវ ដែលមិនចេះប្រណីដល់ហ្វូង វានឹងចូលមកក្នុងពួកអ្នករាល់គ្នា » (កិច្ចការ ២០:២៩)។ តើអ្នកធ្វើយ៉ាងណាពេលឃើញចចកហៀបនឹងស៊ីចៀម? អ្នកប្រើអាវុធ។ ចំណេះដឹងភាសាក្រិក និងភាសាហេព្រើរ គឺជាអាវុធដ៏មានឥទ្ធិពលបំផុតមួយសម្រាប់ការពារពីសត្វចចកដ៏កាចសាហាវ។ ប៉ុន្តែចុះបើមានមនុស្សតែម្នាក់នៅក្នុងក្រុមជំនុំទាំងមូលរបស់អ្នកជាអ្នកមានអាវុធនោះ តើនឹងទៅជាយ៉ាងណា? ចុះបើគាត់មិននៅពេលចចកមក? មនុស្សកាន់តែច្រើនមានអាវុធនៅក្នុងក្រុមជំនុំជាព្រះកាយរបស់ព្រះគ្រីស្ទ នោះឱកាសកាន់នឹងមានកាន់តែតិចឲ្យសត្វចចកបំផ្លាញបងប្អូនប្រុសស្រីរបស់យើង។ ប្រសិនបើយើងដឹងថា «អារក្សដើរជុំវិញដូចជាសិង្ហដែលកំពុងគ្រហឹម ស្វែងរកអ្នកណាម្នាក់ដើម្បីលេបត្របាក់» (១ពេ. ៥:៨) យើងត្រូវបំពាក់អាវុធជាសេចក្តីពិតលើខ្លួនយើង។ ហើយនៅពេលយើងប្រឹងប្រែងរៀនភាសាព្រះគម្ពីរ នោះយើងអាចជីកយកទ្រព្យសម្បត្តិនៃសេចក្តីពិតរបស់ព្រះដោយភាពប្រាកដច្បាស់។
រឿងធម្មតាថ្មីមួយ
ចូរយើងគិតអំពីអ្វីផ្សេងទៀត។ គ្រីស្ទបរិស័ទចំណាយពេលច្រើនក្នុងការអាន និងស្តាប់យោបល់របស់អ្នកដទៃទៀតអំពីព្រះ។ ពួកគេទៅ សិក្ខាសាលា សន្និបាត និងទិញសៀវភៅជាច្រើន ហើយចំណាយពេលរាប់ម៉ោងជជែកជាមួយអ្នកផ្សេងទៀតអំពីការបកប្រែណាមួយដែលត្រូវប្រើ។ ប្រសិនបើពួកគេចំណាយពេលវេលា និងថាមពលទាំងអស់នោះដើម្បីរៀនភាសាព្រះគម្ពីរ នោះពួកគេនឹងមានឧបករណ៍ដើម្បីឱ្យកាន់តែមានការយល់ដឹង និងបន្ទាបខ្លួន ហើយដឹងពីរបៀបចិញ្ចឹមជីវិតខាងវិញ្ញាណខ្លួនឯងឱ្យកាន់តែប្រសើរ ជាជាងការអស់សង្ឃឹមដោយគ្មានអ្នកដទៃចិញ្ចឹមពួកគេ។
យើងទាំងអស់គ្នាដឹងពាក្យថា បង្រៀនអ្នកណាម្នាក់ឱ្យចេះស្ទូចត្រី ប្រសើរជាជាងឱ្យត្រីដល់គេ។ ចុះប្រសិនបើគ្រីស្ទបរិស័ទបានចំណាយពេលវេលារបស់ពួកគេជួយអ្នកដទៃរៀនភាសាព្រះគម្ពីរដោយឥតគិតថ្លៃ ជាជាងគ្រាន់តែប្រាប់ពួកគេអំពីការយល់ដឹងដ៏អស្ចារ្យទាំងអស់ដែលពួកគេបានទទួលពីការស្គាល់ភាសាព្រះគម្ពីរល្អយ៉ាងណាទៅ? ក្រុមជំនុំរបស់យើងនឹងរីកចម្រើនខាងឯការយល់ដឹងកាន់តែជ្រៅ ពួកគេអាចទទួលខុសត្រូវលើអ្នកដឹកនាំរបស់ពួកគេដោយគោលលទ្ធិត្រឹមត្រូវ ឪពុកម្តាយនឹងអាចបង្រៀនកូនរបស់ពួកគេបានប្រសើរជាងមុន ហើយមានមនុស្សកាន់តែតិចជាងមុននឹង«បែរទៅតាមរឿងព្រេង » (2 ធីម៉ូ. 4:4)។ ចូរចាប់ផ្តើមចលនាមួយនេះ ដើម្បីធ្វើឱ្យវាជារឿងធម្មតាថ្មីមួយ។ ដោយពឹងអាងលើព្រះ អ្វីៗទាំងអស់គឺអាចធ្វើទៅបាន!
ទេវសាស្ត្រពិត
បុរសម្នាក់ឈ្មោះ Bitzer ធ្លាប់បាននិយាយថា៖ «កាលណាអ្នកទេវសាស្ត្រ ដកខ្លួនចេញពីគម្ពីរបរិសុទ្ធជាភាសាហេព្រើរនិងក្រិក នោះគាត់កាន់តែផ្ដាច់ខ្លួនចេញពីប្រភពនៃទេវសាស្ត្រពិត! ហើយទេវសាស្ត្រពិតគឺជាមូលដ្ឋានគ្រឹះនៃកិច្ចបម្រើដែលមានផ្លែផ្កា និងមានពរ»។ យើងទាំងអស់គ្នាត្រូវការទេវសាស្ត្រពិត ហើយយើងទាំងអស់គ្នាត្រូវបានហៅឱ្យមកបម្រើការងារប្រកបដោយផ្លែផ្ការបស់យើងជាផ្នែកនៃរូបកាយរបស់ព្រះគ្រីស្ទ។ តោះជួយគ្នារកឧបករណ៍ដែលយើងត្រូវការដើម្បីធ្វើវាបានល្អ!
ដូច្នេះ ចូរយើងប្ដេជ្ញាចិត្តនឹងធ្វើអ្វីដែលជ្រុលនិយម៖ ចូរយើងឈប់រិះគន់ការបកប្រែព្រះគម្ពីរ ចូរឈប់រិះគន់អ្នកដែលមិនចេះទេវសាស្ត្រច្រើន ឬយល់ស្របនឹងទេវសាស្ត្ររបស់យើង ចូរឈប់រិះគន់និកាយដទៃ ហើយប្រើកម្លាំង និងពេលវេលាទាំងអស់នោះដើម្បីរៀនភាសានៃព្រះ គម្ពីរ។ ហើយយើងធ្វើវាដោយចិត្តបន្ទាបកាយ ហើយ « លើកកិត្តិយសគ្នាទៅវិញទៅមក» (រ៉ូម ១២:១០) ។
លើកទឹកចិត្តអ្នកដទៃ
ខ្ញុំចង់និយាយអ្វីមួយទៅកាន់អ្នកទាំងអស់ដែលមិនចេះភាសាក្រិក ឬភាសាហេព្រើរ ដោយហេតុផលមួយ ឬច្រើន ទៀត។ ចូរលើកទឹកចិត្តអ្នកដែលកំពុងរៀន! លើកទឹកចិត្តពួកគេ! កុំលេងសើច ឬប្រាប់គេថាមិនសំខាន់! ពេលគេយកព្រះគម្ពីរភាសាហេព្រើរមកក្រុមជំនុំ កុំនិយាយលេងសើច! ចិត្តយើងត្រូវបានល្បួងយ៉ាងងាយក្នុងការបំបាក់ទឹកចិត្តអ្នកដែលមានអំណោយទានផ្សេងៗ ឬអ្នកដែលបានទទួលឱកាសដែលយើងប្រាថ្នាចង់មាន។ ចូរទប់ទល់នឹងការល្បួងនោះ ហើយជំនួសមកវិញ រំឭកដល់អ្នកដែលកំពុងរៀនថាវាសំខាន់ណាស់!
ហើយនេះពង្រីកដល់ក្រុមជំនុំសកល។ ចូរធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីលើកទឹកចិត្តបងប្អូនប្រុសស្រីជុំវិញពិភពលោកឱ្យរៀនសូត្រ និងរីកចម្រើន! បើទោះជាយើងត្រូវលះបង់ដើម្បីធ្វើឱ្យវាអាចទៅរួចសម្រាប់ពួកគេក៏ដោយ ចូរធ្វើឱ្យប្រាកដថាពួកគេមានឱកាសដូចគ្នាដែលយើងមាន។
ពាក្យសម្ដីរបស់ Martin Luther ដែលបានលងបន្លាចខ្ញុំអស់ជាច្រើនឆ្នាំ៖
វាជាអំពើបាប និងការអាម៉ាស់ណាស់ដែលមិនស្គាល់សៀវភៅរបស់យើងផ្ទាល់ ឬដើម្បីយល់សេចក្ដីអធិប្បាយ និងព្រះបន្ទូលរបស់ព្រះនៃយើង។ វានៅតែជាអំពើបាប និងការបាត់បង់ដ៏ធំទៅទៀត នៅពេលដែលយើងមិនបានសិក្សាភាសាព្រះគម្ពីរ ជាពិសេសនៅសម័យនេះ នៅពេលដែលព្រះកំពុងផ្តល់ឱ្យមានមនុស្ស និងមានព្រះគម្ពីរ ព្រមទាំងមានគ្រប់មធ្យោបាយ និងការលើកទឹកចិត្តដល់ការសិក្សានេះ ហើយចង់ឱ្យព្រះគម្ពីររបស់ទ្រង់ជាសៀវភៅបើកចំហ។ ពួកបុព្វបុរស[នៃក្រុមជំនុំ ] នឹងមានអំណរយ៉ាងខ្លាំងណាស់ ប្រសិនបើពួកគេមានឱកាសដើម្បីសិក្សាភាសា ហើយមករៀបចំព្រះគម្ពីរបរិសុទ្ធ! តើពួកគេមានការប្រឹងប្រែងដ៏អស្ចារ្យយ៉ាងណា ត្រូវចំណាយកម្លាំងប៉ុណ្ណាដើម្បីប្រមូលកំទេចកំទីខ្លះៗនៃក្រាំង ខណៈពេលដែលយើងស្ទើរតែគ្មានចំណាយកម្លាំងពលកម្មអ្វីទាំងអស់ – អាចទទួលបានទាំងមូល! អូ ការខិតខំរបស់ពួកគេធ្វើឱ្យយើងអាម៉ាស់យ៉ាងណា។
សូមព្រះជួយសង្គ្រោះយើងពីភាពក្រៀមក្រំ ហើយជំរុញយើងឲ្យលើករបារសម្រាប់សេចក្តីអំណរ និងសិរីល្អរបស់ទ្រង់។